1 Peter 3

1រីឯប្រពន្ធរាល់គ្នាក៏​ដូច្នោះ​ដែរ​ត្រូវ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួនទោះបីប្ដី​នោះ​មិនស្ដាប់បង្គាប់ព្រះបន្ទូលក៏ដោយ​ក៏​គង់តែ​អាច​ទាក់ទាញចិត្ដ​ប្ដី​របស់​ខ្លួន​បាន​តាមរយៈអាកប្បកិរិយាដែលគ្មានសំដីរបស់ប្រពន្ធ 2ព្រោះគេ​បាន​សង្កេតឃើញអាកប្បកិរិយាបរិសុទ្ធរបស់អ្នករាល់គ្នា​ដែល​គោរពកោតខ្លាច​ព្រះជាម្ចាស់។ 3ចូរកុំតុបតែងខ្លួន​តែ​សំបកក្រៅ​ដូចជា​ក្រងសក់ពាក់មាស​និង​ស្លៀកសម្លៀកបំពាក់​ផ្សេងៗ​នោះ​ឡើយ 4ផ្ទុយទៅវិញចូរ​តុបតែង​មនុស្ស​ខាងក្នុងចិត្តដោយ​គ្រឿង​ដែល​មិនពុករលួយ​គឺ​ដោយ​វិញ្ញាណស្លូតបូត​និង​ស្រគត់ស្រគំដែល​មាន​តម្លៃបំផុតនៅចំពោះ​ព្រះ​ភក្ដ្រព្រះជាម្ចាស់ 5ដ្បិតកាល​ពី​ដើម​ពួក​ស្ដ្រីបរិសុទ្ធ​ដែល​សង្ឃឹមលើព្រះជាម្ចាស់​ក៏​បាន​តុបតែងខ្លួនរបៀបនេះ​ទាំង​ចុះចូល​នឹង​ប្ដី​របស់​ខ្លួនដែរ 6ដូចជាសារ៉ា​បាន​ស្ដាប់បង្គាប់​លោក​អ័ប្រាហាំ​ព្រមទាំង​ហៅគាត់ថា​លោក​ម្ចាស់​ទៀត​ផង។ ​អ្នករាល់គ្នា​បាន​ត្រលប់ជាកូន​របស់​សារ៉ា​បើ​អ្នករាល់គ្នា​ប្រព្រឹត្ដល្អ​ដោយ​ឥតភ័យខ្លាច​ចំពោះ​ការបំភ័យណាមួយ​នោះ។ 7រីឯប្ដីរាល់គ្នា​ក៏​ដូច្នោះដែរ​ត្រូវ​រស់នៅ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ដោយយល់​ថា​មនុស្សស្រីជាភាជនៈដែល​ខ្សោយ​ជាង​ហើយ​ចូរ​ផ្ដល់កិត្ដិយស​ដល់​នាង​ទុកជាអ្នក​រួម​ទទួល​មរតក​ព្រះ​គុណ​នៃ​ជីវិត​ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​បង្អាក់​សេចក្ដី​អធិស្ឋានរបស់អ្នករាល់គ្នា​ឡើយ។ 8នៅទី​បញ្ចប់​នេះ​ចូរ​ឲ្យ​អ្នក​ទាំងអស់​គ្នា​មាន​គំនិត​តែ​មួយ​មាន​ចិត្ដ​អាណិត​អាសូរ​មាន​ចិត្ដ​ស្រលាញ់​គ្នា​ដូចជា​បង​ប្អូនចិត្ដសន្ដោស​និង​ចិត្តសុភាព​ចុះ។ 9ចូរកុំធ្វើ​ការ​អាក្រក់តបស្នង​នឹង​ការ​អាក្រក់​ពោល​ពាក្យប្រមាថតបស្នង​នឹង​ពាក្យប្រមាថ​ឡើយ​ផ្ទុយទៅវិញ​ចូរ​ឲ្យពរ​គេ​ព្រោះ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នករាល់គ្នាសម្រាប់​ការ​នេះ​ឯង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ទទួលព្រះពរ​ទុកជា​មរតក 10ដ្បិតអ្នក​ដែល​ស្រលាញ់ជីវិតហើយចង់ឃើញថ្ងៃល្អ​អ្នកនោះ​ត្រូវ​ចេះ​ទប់អណ្ដាតខ្លួនកុំ​ឲ្យ​និយាយអាក្រក់ព្រមទាំង​ទប់​បបូរមាត់​ខ្លួន​កុំ​ឲ្យ​ពោល​ពាក្យបោកប្រាស់​ឡើយ។ 11ចូរឲ្យ​អ្នកនោះ​ចៀសវាងពី​ការ​អាក្រក់ហើយប្រព្រឹត្ដល្អ​វិញ​ចូរ​ឲ្យ​អ្នកនោះ​ស្វែងរកព្រមទាំងដេញតាមសេចក្ដីសុខសាន្ដ​ចុះ។ 12ដ្បិតព្រះនេត្រ​របស់​ព្រះអម្ចាស់​ទត​មើល​មនុស្ស​សុចរិតព្រះកាណ៌របស់ព្រះអង្គ​ក៏​ស្ដាប់​សេចក្ដីអធិស្ឋាន​របស់​គេ​ដែរ​ប៉ុន្ដែព្រះភក្ដ្រ​របស់​ព្រះអង្គប្រឆាំងនឹង​ពួក​អ្នក​ប្រព្រឹត្ដអាក្រក់​វិញ។ 13បើអ្នករាល់គ្នា​មាន​ចិត្ដ​ប្ដូរផ្ដាច់​ប្រព្រឹត្ដ​ល្អ​តើ​អ្នកណា​នឹង​ធ្វើបាបអ្នករាល់គ្នា? 14ប៉ុន្ដែបើ​អ្នករាល់គ្នា​រងទុក្ខដោយព្រោះ​សេចក្ដី​សុចរិតមែន​អ្នករាល់គ្នា​មានពរ​ហើយ​ចូរ​កុំភ័យខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេជ្រួលច្របល់​ឡើយ 15ផ្ទុយទៅវិញចូរ​ទុក​ព្រះ​គ្រិស្ដ​ជា​ព្រះអម្ចាស់នៅក្នុងចិត្ដរបស់អ្នករាល់គ្នា​ចុះ​ហើយ​ចូរ​ប្រុងប្រៀបជានិច្ចដើម្បីឆ្លើយការពារ​ទៅកាន់​អស់អ្នក​ដែល​សុំអ្នក​ឲ្យ​រាយរាប់​ប្រាប់​ពីសេចក្ដីសង្ឃឹម​របស់​អ្នករាល់គ្នា 16ប៉ុន្ដែចូរ​ឆ្លើយ​ប្រាប់​គេ​ដោយទន់ភ្លន់និង​ដោយ​គោរពកោតខ្លាច​ហើយ​ត្រូវ​មានមនសិការល្អដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយមួលបង្កាច់​អ្នករាល់គ្នា​ត្រង់​ចំណុច​ណាមួយ​នោះ​ត្រូវ​អាម៉ាស់មុខ​គឺ​ពួក​អ្នក​ដែល​និយាយបង្ខូច​អំពី​អាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុង​ព្រះ​គ្រិស្ដ 17ដ្បិតបើ​ជា​បំណង​របស់​ព្រះជាម្ចាស់​មែន​នោះ​ស៊ូ​រងទុក្ខដោយព្រោះប្រព្រឹត្ដល្អប្រសើរជាងប្រព្រឹត្ដអាក្រក់ 18ដ្បិតព្រះ​គ្រិស្ដ​ក៏​បាន​រងទុក្ខម្ដងដោយព្រោះបាប​ដែរ​គឺ​ព្រះអង្គ​សុចរិត​បាន​សោយទិវង្គត​ជំនួស​មនុស្ស​ទុច្ចរិតដើម្បី​ឲ្យ​ព្រះអង្គ​នាំអ្នករាល់គ្នា​ទៅ​ឯ​ព្រះជាម្ចាស់​ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ខាង​ឯ​សាច់ឈាមប៉ុន្ដែ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ខាង​ឯ​ព្រះ​វិញ្ញាណ 19ដោយសារព្រះ​វិញ្ញាណ​នោះ​ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះបន្ទូល​ប្រាប់​វិញ្ញាណទាំងឡាយ​ដែល​ជាប់ឃុំឃាំង 20គឺជា​ពួក​អ្នក​មិនស្ដាប់បង្គាប់​កាល​ពីដើម​នៅ​ពេល​ដែល​ព្រះជាម្ចាស់​បាន​រង់ចាំ​ដោយ​អត់ធ្មត់នៅជំនាន់​លោក​ណូអេ​ពេល​ដែល​ទូកធំ​កំពុង​សាងសង់​ហើយ​នៅក្នុងទូកធំ​មាន​មនុស្ស​បន្ដិចបន្ដួច​ប៉ុណ្ណោះ​គឺ​មាន​មនុស្សប្រាំបី​នាក់​ដែល​បាន​រួចជីវិតដោយសារទឹក 21នេះជា​គំរូ​អំពី​ពិធី​ជ្រមុជដែល​បាន​សង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរដោយសារការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូគ្រិស្ដមិនមែន​ជា​ការ​លាង​សំអាតភាពស្មោកគ្រោក​របស់​រូបកាយ​ទេ​ផ្ទុយទៅវិញ​ជា​ការឆ្លើយតប​ចេញ​ពី​មនសិការល្អចំពោះព្រះជាម្ចាស់ 22ព្រះយេស៊ូ​នេះ​ហើយ​ដែល​បាន​យាងឡើងទៅស្ថានសួគ៌​គង់​នៅខាងស្ដាំព្រះជាម្ចាស់ហើយ​ឲ្យ​ទេវតាសិទ្ធិអំណាចនិងអំណាចទាំងឡាយ​បាន​ចុះចូល​នឹង​ព្រះអង្គ​ផង​ដែរ។
Copyright information for KhmKCB